កាលបរិច្ឆេទ: ០៩ មីនា ២០២៣
និស្សិតចំនួន៣៩ក្រុមបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ Thnot d’Or ឆ្នាំ២០២៣ ក្រោមប្រធានបទៈ “ការបង្កើនគុណតម្លៃបន្ថែមនៃប្រហុក ជាពិសេសគឺដើម្បីធ្វើឲ្យផលិតផលប្រហុកក្លាយទៅជាផលិតផលនាំចេញ” ។
និស្សិតទាំងនោះមកពីស្ថាប័នសិក្សាចំនួន៨គឺ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានសន្តប៉ូល សាកលវិទ្យាល័យបាត់ដំបង វិទ្យាស្ថានជាតិបច្ចេកវិទ្យាកំពង់ស្ពឺ វិទ្យាស្ថានជាតិបច្ចេកវិទ្យាកំពង់ឈើទាល និងសាកលវិទ្យាល័យមានជ័យ។
និស្សិតទាំងអស់មានចំនួន១៨៦ នាក់ដែលបានចូលរួមប្រកួតដណ្តើមពានរង្វាន់ Thnot d’Or លើកទីបួន។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តឲ្យមានការស្រាវជ្រាវ និងច្នៃប្រឌិត ទៅដល់និស្សិតផ្នែក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារ។
និស្សិតទាំងនោះត្រូវផ្តល់ការងារស្រាវជ្រាវទាំងស្រុង ឬផ្នែកណាមួយនៃសង្វាក់ផលិតត្រីប្រហុក(ការកែច្នៃ របៀបរក្សាទុកប្រហុកឲ្យបានយូរ ការរចនាសម្រាប់ការវេចខ្ចប់ជាដើម) ដោយបង្កើតគំនិតថ្មីៗធ្វើយ៉ាងណាឲ្យផលិតផលនេះក្លាយជានិមិត្តរូបរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិផ្នែកសិល្បៈនៃការចម្អិនម្ហូប និងជាប្រភពបង្កើនប្រាក់ចំណូលដល់តួអង្គដែលពាក់ព័ន្ធទាំងអស់ តាមរយៈនៃការលើកតម្លៃត្រីប្រហុកនេះ។
មុននឹងថ្ងៃចូលឆ្នាំខ្មែរមកដល់ ក្រុមនិស្សិតដែលមានឈ្មោះនៅក្នុងបញ្ជីចូលរួមប្រកួត ត្រូវ បង្ហាញគម្រោងស្រាវជា្រវរបស់ខ្លួនមកគណៈកម្មាការមេប្រយោគ។ បន្ទាប់មក គណៈមេប្រយោគនឹងជ្រើសរើសយកគម្រោងណាដែលមានភាពច្បាស់លាស់ឆ្លើយតបទៅនឹងប្រធានបទល្អជាងគេ។
ក្រោយបុណ្យចូលឆ្នាំខ្មែរ និស្សិតចំនួន៦ក្រុមដែលគណៈមេប្រយោគបានជ្រើសរើស ត្រូវធ្វើការស្រាវជ្រាវបន្ថែមលើគម្រោងរបស់ខ្លួនទាំងផ្នែកឯកសារ ក៏ដូចជាផ្នែកបច្ចេកទេស ដើម្បីផ្តល់ទិន្នន័យទាំងមូលដែលអាចឲ្យគណៈមេប្រយោគវិនិច្ឆ័យថាគម្រោងអាចធ្វើបាន ឬក៏មិនបាន។ នៅវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រពឹត្តទៅនៅខែកក្កដា បេក្ខជនត្រូវធ្វើបទបង្ហាញពីការងារស្រាវជ្រាវរបស់ខ្លួនដោយផ្ទាល់ និងឆ្លើយរាល់សំណួររបស់គណៈមេប្រយោគ៕